Sup-SEAkers ខែមេសា # 3 – ការប្រមូលព័ត៌មានប្រចាំសប្តាហ៍ពីតំបន់ផ្សេងៗ

នាយករដ្ឋមន្ត្រី Lee Hsien Loong ក្នុងពិធីប្រគល់រង្វាន់ និងសន្និបាតបក្សសកម្មភាពប្រជាជន នៅថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2023។ (ប្រភព: CNA)

ក្រោយពីកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរីអស់រយៈពេល ២០ឆ្នាំ កន្លងមក លោក លី សៀនលុង (Lee Hsien Long) នឹងលាលែងចុះចេញជាស្ថាពរនៅ ថ្ងៃទី១៥ ខែឧសភា ខាងមុខនេះ ដើម្បីត្រួសត្រាយបេីកផ្លូវសម្រាប់មេដឹកនាំជំនាន់ទី៤ ឬ “៤ជ” នៃគណបក្សកាន់អំណាច «សកម្មភាពប្រជាជន» (PAP) ឡេីងមកបន្តវេន។ កាលពី ថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រី បានប្រកាសជាសាធារណៈថា លោកឧបនាយករដ្ឋមន្ត្រី ឡូរ៉ែន វង្ស (Lawrence Wong) ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាសហប្រធាន នៃក្រុមការងារពហុក្រសួងឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ របស់ប្រទេសសិង្ហបុរី ត្រូវទទួលបានការគាំទ្រជ្រេីសតាំងជានាយករដ្ឋមន្ត្រីថ្មីបន្តអាណត្តិរបស់លោក ហើយនឹងដឹកនាំគណបក្ស PAP ឆ្ពោះទៅកាន់ការបោះឆ្នោតសកល នាខែវិច្ឆិកា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីការបរទេសលោក Wang Yi កំពុងបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីជួបប្រជុំកម្រិតខ្ពស់ជាមួយមន្ត្រីនៃប្រទេសទាំងពីរ។ (ប្រភព៖ Bloomberg)

កាលពីថ្ងៃ អង្គារ ក្រសួងការបរទេសចិនបានអោយដឹងថា ចាប់ពី​ថ្ងៃ​ទី​១​៨​ ​ដល់​ថ្ងៃ​ទី​២​៣​ ​ខែ​មេសា ​លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន នឹងមកបំពេញទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃ នៅប្រទេសឥណ្ឌូនេស៊ី កម្ពុជា និងប៉ាពួញ៉ូហ្គីណេ ដេីម្បីចូលរួម​កិច្ចប្រជុំកម្រិតខ្ពស់ ជម្រុញដល់ការបង្កើនទំនាក់ទំនងការទូតនៃ គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់ ​និង​ផ្លូវ​ (BRI) ចំពេលកំពុងមានការប្រកួតប្រជែងជា​យុទ្ធសាស្ត្រ​ក្នុងតំបន់កាន់តែខ្លាំងឡេីង ជាមួយសហរដ្ឋអាមេរិក។ ប្រទេសគោលដៅ​ទាំង​បី ​ត្រូវបានលើកឡើង​ថា ជា​ “​មិត្ត​ល្អ​ ​និង​ដៃគូ​ល្អ” របស់ចិន ដែលពួកគេមានចិនជា​ចំណោមដៃគូ​ពាណិជ្ជកម្ម​ និង ជា​ប្រភព​នៃ​លំហូរ​វិនិយោគ​ទុនបរទេស​ដ៏ធំចម្បង។ បច្ចុប្បន្ននេះ ស្ថានភាពទំនាក់ទំនង ចិន-ឥណ្ឌូណេស៊ី និងកម្ពុជា-ចិន គឺស្ថិតក្នុងកម្រិតខ្ពស់លំដាប់នៃការកសាង “សហគមន៍នៃជោគវាសនារួម” ចំណែកឯទំនាក់ទំនង ចិន-ប៉ាពួញ៉ូហ្គីណេ បានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ហេីយ។

President Joe Biden and Presidentប្រធានាធិបតី Joe Biden និងប្រធានាធិបតី Ferdinand Marcos នៃប្រទេសហ្វីលីពីន ស្វាគមន៍នាយករដ្ឋមន្ត្រី Kishida Fumio នៃប្រទេសជប៉ុននៅក្នុងបន្ទប់ខៀវកាលពីថ្ងៃព្រហស្បតិ៍ទី 11 ខែមេសាឆ្នាំ 2024 មុនពេលកិច្ចប្រជុំត្រីភាគីរបស់ពួកគេនៅក្នុងបន្ទប់ខាងកើតនៃសេតវិមាន។ (ប្រភព: The White House)

កាលពីសប្តាហ៍មុន ក្នុងកិច្ចប្រជុំកំពូលត្រីភាគី នៅរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី ថ្នាក់ដឹកនាំហ្វីលីពីន សហរដ្ឋអាមេរិក និងជប៉ុនបានរួមគ្នាសម្តែងនូវសេចក្តី “ព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ” ចំពោះសកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង ដែលត្រូវបានចិន ប្រឆាំងជំទាស់យ៉ាងខ្លាំងថា ជាការប្រកាន់ខ្ជាប់នូវ “ផ្នត់គំនិតសង្រ្គាមត្រជាក់” និងជា “ការបង្កើតបក្សសម្ព័ន្ធតូចៗ ដើម្បីប្រឆាំងនឹងចិន”។ ជាការឆ្លេីយតប នៅថ្ងៃព្រហស្បតិ៍្ត ក្រសួងការបរទេសហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា ការសម្រេចចិត្តរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយ សហរដ្ឋអាមេរិក និងជប៉ុន គឺជា “ជម្រើសអធិបតេយ្យភាព” ដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាព នៅឥណ្ឌូប៉ាស៊ីហ្វិក ហើយថាប្រទេសចិនគួរតែឆ្លុះបញ្ចាំងលើ “ការទាមទារដែនសមុទ្រហួសហេតុ និងសកម្មភាពយាយីរបស់ខ្លួន។”

មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំស្តីពីការអនុវត្តការអភិវឌ្ឍន៍វិស័យអប់រំមីយ៉ាន់ម៉ានៅទីក្រុងណៃពីដោ ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០។ (ប្រភពs: AP News)

យោងតាមសារពត៌មាន VOA បានររាយការណ៍ឲ្យ​ដឹងថា កាលពីថ្ងៃអង្គារ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានផ្លាស់មេដឹកនាំលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) អាយុ ៧៨ ឆ្នាំ និងអតីតប្រធានាធិបតីរដ្ឋាភិបាលសុីវិល លោក វីន មីយីន (Win Myint) អាយុ ៧២ ឆ្នាំ ពីពន្ធនាគារ នៅរដ្ឋធានី ណៃពីដោរ (Naypyitaw) និងទីក្រុង Taungoo ទៅកាន់ការឃុំខ្លួនក្នុងផ្ទះ។ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ការបំលាស់នេះគឺ ដើម្បីការពារសុខភាពវ័យចំណាស់របស់អ្នកទាំងពីរ ពីរលកកំដៅដ៏ក្តៅគគុក ដែលមានកម្រិតសីតុណ្ហភាពប្រហែល ៤០ អង្សាសេ។

—————————————————————————————————

Sup SEAkers គឺ​ជា​ការ​ប្រមូល​ព័ត៌មាន​ប្រចាំ​សប្តាហ៍​មក​ពី​តំបន់​ផ្សេងៗ​គ្នា​ដែល​មាន​គោល​បំណង​ផ្តល់​ព័ត៌មាន​និង​អប់រំ​ដល់​សាធារណជន​ទូទៅ។ តាមដានពួកយើងរៀងរាល់ថ្ងៃអាទិត្យ ដើម្បីបន្តទទួលបានព័ត៌មានអំពីអ្វីដែលកើតឡើងនៅក្នុងតំបន់របស់យើង។ សប្តាហ៍នេះ យើងសូមលើកយកព័ត៌មានសំខាន់ៗចំនួន ៤ ដែលបានកើតឡើងក្នុងអាស៊ាន។

Leave a comment